ប្រជាពលរដ្ឋនិងមហាជនជាច្រើន ក្នុងសង្កាត់ផ្សារដើមគរ កំពុងរិះគន់អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌទួលគោកថា មិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់( ភ្នាល់បាល់ ភ្នាល់បៀរ)និងល្បែងស៊ីសងគ្រប់ប្រភេទជាច្រើនទៀត តាមប្រព័ន្ធអនឡាញ (casino online) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣១ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយគេឃើញនៅតែបើកលេងយ៉ាងរលូន មិនទាន់មានចំណាត់ការចុះបង្ក្រាបនោះទេ ទោះបីជាកន្លងមក ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋល្អ រាយការណ៍ជូនលោកនាយប៉ុស្តិ៍សង្កាត់ផ្សារដើមគរ ហើយអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយពីទីតាំងនេះរួចមកហើយដែរ។
ពលរដ្ឋថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រហែលជាមានបុណ្យបារមីខ្ពស់ ឬមានខ្នងបង្អែកពីក្រោយធំហើយ ទើបអាចបំបាំងភ្នែកសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញពីទីតាំងរបស់ខ្លួន? ឬដឹងហើយតែមិនហ៊ានចុះបង្ក្រាបទើបសម្ងំស្ងៀម ទុកជាឆ្នាំងបាយ ហើយមើលទៅ?
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានពេញចិត្តមេឌា ក៏បានទំនាក់ទំនង រាយការណ៍ជូនទៅលោកនាយប៉ុស្តិ៍សង្កាត់ផ្សារដើមគរ តាមរយៈទូរសព្ទខល ជាច្រើនដងតែពុំមានអ្នកលើក ក៏ព្យាយាមទំនាក់ទំនងតាមរយៈតេលេក្រាម មើលហើយតែមិនឆ្លើយតប។
ដោយឡែកលោក សុខហេង អធិការនគរបាលខណ្ឌទូលគោក លោកបានថ្លែងថា «ខ្ញុំនឹងចាត់កម្លាំងជំនាញឲ្យចុះត្រួតពិនិត្យមើល»។
ប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមជួយដាក់កម្លាំងជំនាញគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299