សង្គម

បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងកូវីដ១៩ នឹង​ត្រូវ​ផលិត​នៅ​កម្ពុជា​ឆ្នាំក្រោយ

ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទៀតនោះទេ ក្រោយរដ្ឋាភិបាលចិនសម្រេចយល់ព្រមតាមសំណើររបស់សម្ដេចរួចហើយ ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ដែរថា ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន កំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវដំណើរការផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា ឱ្យបានឆាប់ ដើម្បីឱ្យប្រជាជនកម្ពុជា អាចមានវ៉ាក់សាំងប្រើប្រាស់ខ្លួនឯង ក្នុងឆ្នាំ២០២២ខាងមុខ។

សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងពីប្រទេសចិនសរុបជាង៣០លានដូសហើយ ខណៈដែលក្នុងនោះ មានជិត៧លានដូសជាជំនួយ ហើយវត្តមានវ៉ាក់សាំងរបស់ចិនទាំងនេះ បានជួយឲ្យកម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។