ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយសារព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុនៅកម្ពុជាចុះត្រជាក់ខ្លាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះនៅតំបន់ខ្លះអាចនឹងធ្លាក់ដល់ ១៧អង្សា។
បើតាមក្រសួង បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា អាចនឹងមានពី ១៩-២២ °C ហលយសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C ហើយសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ។ ក្នុងនោះសម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។
សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C៕