តុលាការនៅក្នុងសហភាពមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញពីតំណែង លោកស្រី អ៊ុង សានស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ លើបទចោទប្រកាន់ ការញុះញង់ និងបំពានវិធានការវីរុស Covid-19។
អ្នកនាំពាក្យរបបយោធាលោក សាវ មីន ទុន បានប្រាប់ AFPតាមទូរស័ព្ទថា នៅថ្ងៃចន្ទនេះលោកស្រីស៊ូជីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ប្រឆាំងនឹងយោធានិងពីរឆ្នាំទៀតពីបទបំពានច្បាប់ទាក់ទងនឹងកូវីដ។
លោកបាននិយាយថា អតីតប្រធានាធិបតីវីន មីនក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំផងដែរពីបទចោទប្រកាន់ដូចគ្នា ប៉ុន្តែលោកបានបន្ថែមថាពួកគាត់មិនទាន់ត្រូវបាននាំខ្លួនទៅដាក់ក្នុងពន្ធនាគារនៅឡើយទេ។
លោកបានបន្ថែមថា “ពួកគាត់ប្រឈមមុខនឹងការចោទប្រកាន់ផ្សេងទៀតពីទីកន្លែងដែលពួកគាត់កំពុងស្នាក់នៅឥឡូវនេះ”ដោយសំដៅទៅលើការឃុំខ្លួនពួកគាត់នៅក្នុងរដ្ឋធានីណៃពិដោប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
គួរបញ្ជាក់ថា លោកស្រី ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានឃុំខ្លួនចាប់តាំងពីពួកមេទ័ពបានទម្លាក់រដ្ឋាភិបាលលោកស្រីកាលពីថ្ងៃទី១ ខែកុម្ភៈដោយបញ្ចប់លទ្ធិប្រជាធិបតេយ្យមួយដង្ហើមចង្រិតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ចាប់តាំងពីពេលនោះមក លោកស្រីត្រូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់ រួមទាំងការរំលោភលើច្បាប់ស្តីពីសម្ងាត់ជាតិ អំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោតហើយលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររាប់ទសវត្សរ៍ ប្រសិនបើត្រូវបានផ្តន្ទាទោសលើគ្រប់ករណីទាំងអស់៕