រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣ ធ្នូបានបង្ហាញរបាយការណ៍ផ្លូវការស្ដីពី លទ្ធផលនៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ។ក្នុងរបាយការណ៍នេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍ រដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង បានដកហូតដីរដ្ឋទំហំជាង ២.១០០,៦៦ ហិកតាដែលស្ថិតក្នុងដែនព្រៃលិចទឹកត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ដីទន្ទ្រានទាំងអស់នោះ រដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។
ជាមួយគ្នានោះ រដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។
គួរបញ្ជាក់ថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និង បច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ មានការពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា។ លោកត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឈន៍ជនបទហើយ លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង៕