អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ផ្ទះចំនួន១២ខ្នង ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ត្រូវអគ្គិភ័យឆេះគ្មានសល់ ដោយសារតែការដុតទៀន មិនប្រុងប្រយ័ត្ន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហើយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះ ឈើលើថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ ) ឆេះសំណង់មិនរៀបរយ ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១០០០ដុល្លារ អស់ទាំងស្រុង។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៦ឡាន ស្មើរនឹង ១០៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រូគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង៨និង៣០នាទីនាថ្ងៃដដែល៕