ភ្នំពេញ៖ ហេតុការណ៍អគ្គីភ័យមួយ បណ្ដាលឱ្យបុរសម្នាក់បានស្លាប់ បន្ទាប់ពីបានឆាបឆេះផ្ទះមួយកន្លែង រងការខូចខាតរបស់ទ្រព្យអស់ទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ៈ២០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុម១២ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា បុរសដែលបានស្លា.ប់ក្នុងអណ្តាតភ្លើង នោះមានឈ្មោះ ហ៊ីង សំអុន អាយុ៥៤ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប និងលក់អីវ៉ាន់ចាប់ហួយ ត្រូវភ្លើងឆេះស្លា.ប់នៅក្នុងបន្ទប់ទឹក និងមានប្រពន្ធឈ្មោះ នាង ហម អាយុ៥៣ឆ្នាំ មានកូនប្រុសម្នាក់ ស្រី២នាក់នៅក្នុងបន្ទុក។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះហ្គាស ហើយមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានឃើញស្ត្រីដែលជាម្ចាស់ផ្ទះ រត់ចេញមកក្រៅ ដោយស្រែកឱ្យគេជួយ ខណៈប្ដីរបស់ខ្លួន បានជាប់នៅខាងក្នុងផ្ទះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាយកបំពុងពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ និងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ ដើម្បីចេញជួយអន្តរាគមន៍ បាញ់ពន្លត់ និងបាននាំគ្នាវាយទំលុះជញ្ជាំង ដើម្បីបាញ់ទឹកពន្លត់ រួចក៏បានប្រទះឃើញសពបុរសជាប្ដីបានដេកស្លា.ប់នៅក្នុងបន្ទប់ទឹកទីហើយ។
តាមសំដីរបស់ស្ត្រីដែលជាប្រពន្ធ បានឱ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់បានអង្គុយផឹកស្រាជាមួយនឹងពូរបស់ខ្លួន ក្រោយមក ក៏បានបំបែកគ្នាទៅផ្ទះវិញ ដោយពេលនោះ ប្ដីរបស់គាត់បានទៅរកបាយហូប ខណៈពេលនោះ ស្ត្រីដែលជាប្រពន្ធបានឭសំឡេងធ្លាយហ្គាស ក៏បានប្រាប់ទៅប្ដីរបស់ខ្លួនឱ្យទៅបិទ ខណៈពេលដែលកំពុងបើកភ្លើងដាំទឹក រួចស្ត្រីដែលជាប្រពន្ធ ក៏ដើរមកលាងចាននៅមុខផ្ទះ។ ក្រោយមក ប្ដីរបស់ស្ត្រីខាងលើបានដើរទៅមើលធុងហ្គាស ស្រាប់តែ ផ្ទុះឆេះប្ដីគាត់នៅក្នុងផ្ទះនោះតែម្ដង…៕