សង្គម

បុរសកំពូលអ្នកមាន! ចែកលុយ​១រយដុល្លារ គ្រាន់តែចុច Share និង Like ពេលនេះសមត្ថកិច្ចហៅវាស់កម្ពស់

ស្ទឹងត្រែង ៖ បុរសកំពុលអ្នកមាន ដែលធ្វើការLiveតាមហ្វេសប៊ុក ហើយឃោសនាប្រាប់អ្នកចូលទស្សនាឱ្យចុចLike និងShare នឹងទទួលបានលុយ១០០ដុលា្លរភ្លាមៗ។ សកម្មភាពនេះ បានកើតឡើងរយៈពេល៥ខែមកហើយ ទើបនៅថ្ងៃទី០៣ខែ ធ្នូ ឆ្នាំ២០២១ នៅវេលា ៨យប់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែង បានចុះប្រតិបត្តិការឃាត់ខ្លួនបុរសកំពូលអ្នកមានរូបនោះ យកមកវាស់កម្ពស់នៅកន្លែងសមត្ថកិច្ចលើករណីឆបោកប្រជាពលរដ្ឋតាមអនឡាញ (online) ដែលមានស្ថានទម្ងន់ទោស…។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃដដែលនេះ កម្លំាងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុង សិលា ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បន្ទាប់ពីត្រូវបានលោកអធិការនគរបាលស្រុកថាឡាបរិវ៉ាត់ ធ្វើការឃាត់ខ្លួនក្នុងបទល្មើសឆបោក (online) និងចរាចរណ៏ប្រាក់ដុល្លារក្លែងក្លាយ កាលពីអំឡុងខែកក្កដា ឆ្នាំ2021 ហើយត្រូវបានកម្លាំងជំនាញធ្វើការចាប់យកវត្ថុតាងរួមមាន៖

១-លុយសែនចំនួន១០ដុំ (ក្រដាស១០០ដុល្លារ) លុយថតចម្លងក្រដាស១០០$។ ២-កងដៃមួយឈុតមាន៧កងជាលោហធាតុពណ៌លឿង។ ៣-ទូរសព្ទNចុចពិល ដែលមានលេខ 031 4444 676។ ៤-ខ្សែកកាឡៃចំនួន 3 ខ្សែ ជាលោហៈធាតុពណ៌លឿង។ ៥-សែដៃមួយខ្សែ កាឡៃ ជាលោហៈធាតុពណ៌លឿង។ ៦-វិក័យប័ត្រ ផ្ញើអីវ៉ាន់ ជូនអតិថិជនចំនួន 223សន្លឹក។ ៧-ទូរសព្ទដៃម៉ាកវីវ៉ូនិងស៊ីមកាតចំនួន4 បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី…៕