សង្គម

អាជ្ញាធរខេត្តកណ្តាល ផ្អាកអាជីវកម្មជីកដី ខ្សាច់ ចំនួន ២កន្លែងនៅស្រុកកណ្តាលស្ទឹង

ការដ្ឋានជីកដី ខ្សាច់ ចំនួន២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ត្រូវបានអាជ្ញាធរខេត្តកណ្តាលចាត់វិធានការ ផ្អាក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកណ្តាល។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រុមការងារចម្រុះបានចុះពិនិត្យ និងផ្អាកអាជីវកម្មជីកដី ខ្សាច់ខាងលើជាបណ្តោះអាសន្ម ដោយសារតែពុំទាន់មានអាជ្ញាបណ្ណអនុញ្ញតឱ្យធ្វើអាជីវកម្ម និងអាជ្ញាបណ្ណដែលហួសសពុលភាព។

ក្នុងនោះ​ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកណ្តាល បានរកឃើញថា រណ្តៅទី១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែនបានជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាបណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណៈចេ្ចកទេសត្រឹមត្រូវក្នុងការជីកនោះទេ។ ចំណែករណ្តៅដីទី២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ៨,៣៤ម៉ែត្រ ប៉ុន្តែក្រុមការងារបានវាស់វែងជាក់ស្តែង រកឃើញថារណ្តៅនេះ ខុសតាមគោលការណ៍ណែនាំ របស់ក្រសួង ហើយអាជ្ញាបណ្ណហួសសុពលភាព។ ឯកឧត្តមអភិបាលរងខេត្តប្រាប់បន្ថែមទៀតថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង៕