ការប្រកាសសម្រេចបើកដំណើរការឡើងវិញ នូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅព្រឹកថ្ងៃទី៣០ វិច្ឆិកាម្សិលមិញនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គឺដោយមើលទៅលើស្ថានភាពជាក់ស្តែងពីការធូរស្រាលនៃជំងឺកូវីដ-១៩ផង និងអនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផង។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា យោងតាមសភាពការណ៍ប្រទេស នាពេលបច្ចុប្បន្នមានភាពប្រសើរឡើង និងការបើកដំណើរឡើងវិញនូវវិស័យមួយចំនួនស្របតាមការរស់នៅតាមបែបគន្លងថ្មី ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងបន្ថែមទៀត លើការងារដែលស្ថិតក្នុងសេវាកម្មខាងលើនោះ ទើបសាលារាជធានីភ្នំពេញ សម្រេចបើកបើកដំណើរការឡើងវិញ នូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដោយគ្រាន់តែឱ្យម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលតែប៉ុណ្ណោះ។