សង្គម

រដ្ឋបាលរាជធានីភ្នំពេញអ​នុញ្ញាត​ឲ្យ​បើក​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក ឡើងវិញ

អាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវ​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញហើយ​ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ក្រោយ​ពី​បានបិទ​អស់រយៈពេល​ប្រមាណ២ឆ្នាំ ព្រោះ​តែ​ការ​រាតត្បាត នៃជំងឺកូវីដ១៩។

បើតាម​សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយ​នៅថ្ងៃនេះ បានបញ្ជាក់ថា ការ​បើក​ដំណើរ​ការ​ឡើងវិញនេះ ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម៕