សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ (២៩ វិច្ឆិកា) បានសម្រេចផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារសហរដ្ឋអាមេរិកទៀតជារបស់ក្រុមហ៊ុនឯកជន ជូនដល់រដ្ឋាភិបាលឡាវ។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០២គ្រឿង បន្ថែមទៀត ជូនដល់រដ្ឋាភិបាល ឡាវផងដែរ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ក្រោយពីជំនួបទ្វេភាគីរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពញ ខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្ដមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចនាយករដ្ឋមន្ត្រី ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ។ ឯកឧត្ដមបន្តថា ទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំង។ ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលជោគជ័យលើគ្រប់វិស័យ ទាំងកិច្ចប្រជុំ ASEM នាពេលថ្មីៗកន្លងមកនេះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខ។ ដែលក្នុងន័យនេះ ឯកឧត្ដមក៏បានសម្ដែងនូវការគាំទ្រ និងសន្យាថា នឹងសហការជាមួយកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ាននាពេលខាងមុខទទួលបានជោគជ័យ។
ឯកឧត្ដម បណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏បានលើកឡើងអំពីអតីតកាល ដែលព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ មានទំនាក់ទំនងជាបងប្អូន ទាំងមិត្តភាព វប្បធម៌ និងប្រពៃណីជាយូរលង់រាប់ពាន់ឆ្នាំណាស់មកហើយៗ ថ្វីត្បិតតែមកដល់បច្ចុប្បន្ននេះ ឡាវ និងកម្ពុជា មានការប្រែប្រួលក៏ពិតមែន តែទឹកចិត្តរវាងប្រជាជន និងប្រជាជននៅដដែល។ ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសម្ដេចតេជោ ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាបន្តទៀត ដែលក្នុងនោះ ទីមួយ បន្តការផ្លាស់ប្ដូរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក និងធ្វើយ៉ាងណាបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក។ ទីពីរ បន្តពិភាក្សាគ្នា ដើម្បីបញ្ចប់នូវកិច្ចព្រមព្រៀងកិច្ចសហប្រតតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទីបី ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់។ ទីបួន ជំរុញឱ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការ ដើម្បីធ្វើយ៉ាងណាឱ្យបានចប់សព្វគ្រប់ តាមទិសដៅដែលថ្នាក់ដឹកនាំបានសម្រេច។ ទីប្រាំ ជំរុញកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ទីប្រាំមួយ ជំរុញកិច្ចសហប្រតិបត្តិការលើវស័យអប់រំ វប្បធម៌ ទេសចរណ៍ និងវិស័យដទៃទៀត ដែលជាសក្ដានុពលសម្រាប់ប្រទេសទាំងពីរ។ ទីប្រាំពីរ ជំរុញការចូលរួមរបស់វិស័យឯកជន ជាពិសេសការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនទៅវិញទៅមករ។ ទីប្រាំបី ជំរុញកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម បណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន និងចូលរួមកិច្ចប្រជុំកំពូល ASEM ជួយគាំទ្រកម្ពុជា ជាប្រធាន ASEM កន្លងមក ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំនេះ។ សម្ដេចតេជោ បានគាំទ្រទាំងស្រុង លើចំណុចទាំង ៨ ដែលឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវបានលើកឡើង។
ចំពោះវិស័យទេសចរណ៍ សម្ដេចតេជោបានស្នើឱ្យឡាវ ធ្វើយ៉ាងណាពិចារណាឱ្យប្រជាជននៃប្រទេសទាំងពីរ អាចធ្វើដំណើរទៅវិញទៅមក ព្រោះថាវិស័យនេះ គឺជាវិស័យដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ដោយឡែកចំពោះការវិនិយោគ សម្ដេចតេជោ បានសម្ដែងនូវការគាំទ្រ ដោយសម្ដេចបានបញ្ជាក់ថា ការវិនិយោគ គឺជាមូលដ្ឋាននៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕