សង្គម

លោក សៅ សុខា ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើស ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ក្រោយមានបទបញ្ជាពីសម្តេចតេជោ

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ បានដឹកនាំកម្លាំងចុះបង្ក្រាបអំពើល្មើស ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ក្រោយមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្ទាប់ពីមានការបង្កើតក្រុមការងារអន្តរក្រសួង ក្នុងកិច្ចការស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបនូវការទន្ទ្រានដីបឹងទន្លេសាបដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានថ្លែងថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងស្ថាប័ន ចុះត្រួតពិនិត្យ និងស្រាវជ្រាវការទន្ទា្រនដីព្រៃលិចទឹកនៅតាមតំបន់ទន្លេសាប ដែលស្ថិតនៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបនេះផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨វិច្ឆិកា ម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធនានា ត្រូវដកហូតដីព្រៃលិចទឹក ដែលត្រូវបានកាប់ទន្ទ្រាន់ដោយខុសច្បាប់ ពី​មន្ត្រីដែលមានអំណាច និងជនទន្ទា្រនដីខុសច្បាប់ផ្សេងៗទៀត យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន និងគ្មានការលើកលែង៕