ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយកាលពីថ្ងៃអាទិត្យ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា កម្ពុជាមិនទាន់មានករណី ឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ហើយកម្ពុជាក៏មិនទាន់គិតពីការបិទប្រទេសជាថ្មីដែរ។ បើទោះជាវីរុសប្រភេទថ្មីនេះ មិនទាន់ឆ្លងចូលមកកម្ពុជា តែអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឱ្យគ្រប់គ្នាបង្កើនប្រុងប្រយ័ត្ន។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា៖ «មកដល់ពេលនេះ យើងមិនទាន់មានរបាយការណ៍នាបង្ហាញថាមានការចម្លងចូលវីរុសប្រភេទ អូមីក្រុង នោឡើយទេ…មានប្រទេសមួយចំនួននៅអឺរ៉ុប និងហុងកុង បានរកឃើញករណីឆ្លងនៃវីរុសប្រភេទថ្មីនេះហើយ ថ្វីដ្បិតតែយើងមិនទាន់មាន តែយើងយើងត្រូវដឹងថា កន្លងមកនេះ យើងក៏មានការនាំចូលនូវវីរុសដែរ អ៊ីចឹងយើងមិនត្រូវធ្វេសប្រហែសទេ យើងត្រូវបង្កើនការប្រុងប្រយ័ន្នឱ្យបានគ្រប់ៗគ្នា…»។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញឱ្យគ្រប់ច្រក ត្រូវពិនិត្យឱ្យបានម៉ត់ចត់លើអ្នកដំណើរ និងជំរុញឱ្យបុគ្គលគ្រប់គ្នា បង្កើនការប្រុងប្រយ័ត្ន។
បើតាមលោកជំទាវ វេជ្ជបណ្ឌិត ទោះជាមេរោគបំប្លែងថ្មី បំប្លែងទៅប្រភេទណាក៏ដោយ ក៏វានៅតែជាកូវីដ-១៩ រោគសញ្ញាដែលគេបានដឹងកន្លងមកនោះហើយ ជារោគសញ្ញាមូលដ្ឋាន ដូច្នេះបុគ្គលត្រូវតែមានការយល់ដឹង ហើយបុគ្គលត្រូវទទួលខុសត្រូវឱ្យបានច្បាស់លាស់ បើមានការសង្ស័យ ត្រូវនៅដាច់ដោយឡែក ដើម្បីកាត់បន្ថយការចម្លង។
សូមបញ្ជាក់ថា «អូមីក្រុង» ត្រូវបានរកឃើញកាលពីថ្ងៃទី២៤វិច្ឆិកា នៅអាហ្វ្រិកខាងត្បូង និងទើបតែត្រូវបានដាក់ឈ្មោះថា «អូមីក្រុង»នេះ នៅថ្ងៃទី២៧វិច្ឆិកា។ បច្ចុប្បន្ននេះ វាកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកវិទ្យាសាស្រ្ត និងអង្គការសុខភាពពិភពលោក៕