សង្គម

លោក ជា សុផារ៉ា បើក​កិច្ចប្រជុំទាំងយប់ ក្រោយ​​បញ្ជា​របស់សម្តេចតេជោ ករណីកាប់ព្រៃលិចទឹក និង​ការ​ទន្រ្ទានដីបឹងទន្លេសាប

ក្រោយ​ពីមាន​បញ្ជា​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ប្រមាណ​៦ម៉ោង​ក្រោយមក ពោល​គឺនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ដោយ​មានការចូលរួមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក សៅ សុខា មេបញ្ជា​ការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងអភិបាលខេត្តជុំវិញបឹងទន្លេសាប។

កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា សម្ដេច ហ៊ុន សែន តាមរយៈ​សារ​សំឡេង​ពិសេស បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។​

«​ទោះបីជា​ត្រូវ​លះបង់​អី ដោយ​តម្លៃ​ណា​យើង​ត្រូវយក​ដី​ទាំងនោះ មកវិញ​ឱ្យបាន​…​។​ឯ​ចំពោះ​អ្នកប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​តាមច្បាប់ ដោយ​ខានមិនបាន​។ ខ្ញុំ​បានបញ្ជាក់​ហើយ មានតែ​ផ្លូវច្បាប់​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយបាន​បញ្ហា​ពួក​អ្នក​ទាំងនេះ​។ យើង​បាន​អប់រំ​ពួកគេ​រាប់សិប​ឆ្នាំ​មកហើយ អំពី​ផលវិបាក​លើ​បញ្ហា​នេះ ហេតុអ្វី​ក៏​នៅមាន​មន្ត្រី​បែបនេះ​តទៅទៀត​»​។​

សូមបញ្ជាក់ថា បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕