នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្ដេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។
លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា លោក ផនខាំ វីផាវ៉ាន់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដែលឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២១ បន្តពីលោក ថងលួន ស៊ីសូលីត ដែលកាន់តំណែងជាប្រធានាធិបតីឡាវ។ មុនកាន់តំណែងនេះ លោកធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ផងដែរ៕