នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើក ដោយលើកឡើងថា ខណៈដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាល នៃការរស់នៅជាមួយជំងឺកូវីដ-១៩ មូលបទដែលយើងបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី ១៣ នេះ ពោលគឺ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» កាន់តែមានសុពលភាព និងភាពសមស្របជាងពេលណាៗទាំងអស់។
សម្ដេចតេជោបន្ដថា ជាការពិត នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមានសេចក្តីត្រូវការ ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន “ការចែករំលែក” ផងដែរ។
សម្ដេចតេជោលើកឡើងថា ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏ សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍៖ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព ដែលសភាពការណ៍បច្ចុប្បន្នត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប។
ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ ។ ក្នុងស្មារតីនេះ សម្ដេចតេជោយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។ ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអាទិភាពរបស់ខ្លួន យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូល រួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការ អភិវឌ្ឍរបស់ពិភពលោក៕