ប្តីប្រពន្ធ ២ នាក់ ត្រូវបានម្ចាស់ផ្ទះ ចាក់សោរពីខាងក្រៅ បង្ខាំងទុក ក្នុងក្រុមហ៊ុន ជេស៊ីអ៊ែឡាញ អស់រយៈពេលជាច្រើនម៉ោង ទើបបង្កការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង ១២ និង៣០ នាទី រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន ជេស៊ីអ៊ែឡាញ ស្ថិតនៅតាម បណ្តោយ ផ្លូវម៉ៅសេទុង ផ្ទះលេខ២៤៧ ក្រុម៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
សមត្ថកិច្ច បានឲ្យដឹងថាៈ ប្តីប្រពន្ធ ២នាក់ ដែលត្រូវបានម្ចាស់ផ្ទះ ចាក់សោរមាន ឈ្មោះ លាវ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់បន្ទប់ជួលម្តុំផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មករ អនាម័យរបស់ក្រុមហ៊ុន ជេស៊ីអ៊ែឡាញ ស្នាក់នៅជាមួយគ្នា។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុ បុរសជាប្តី បានដឹកប្រពន្ធ ចេញពីបន្ទប់ជួល មកកាន់ក្រុមហ៊ុន ជេស៊ីអ៊ែឡាញ ដើម្បីបោសសំអាត ខណ:ជនរងគ្រោះ ទាំង២នាក់ ដើរចូលទៅក្នុងក្រុមហ៊ុន ដើម្បីធ្វើការបោសសំអាត ក៏ស្រាប់តែម្ចាស់ផ្ទះ មកដល់ ហើយក៏បានចាក់សោរ ពីខាងក្រៅ ដោយប្រាប់ថា ចាំដោះស្រាយគ្នាចប់ សព្វគ្រប់សិន បានចាក់សោរ មិនឱ្យពួកគាត់ចេញមកក្រៅវិញ។ ពេលនោះ ជនរងគ្រោះទាំង ២ នាក់ប្តីប្រពន្ធ បានប្រាប់ម្ចាស់ផ្ទះវិញថា ពួកខ្ញុំអត់ ដឹងរឿង អ្វីនោះទេ ពួកខ្ញុំគ្រាន់តែជាកម្មករ បោសសំអាត ឲ្យក្រុមហ៊ុនតែប៉ុណ្ណោះ ដោយម្ចាស់ផ្ទះ មិនបានស្តាប់ហេតុផល អ្នកទាំងពីរនោះទេ ដោយចាក់សោរបង្ខាំង ឲ្យនៅខាងក្នុង ហើយក៏បានជិះម៉ូតូទៅបាត់។
ដោយសារតែជនរងគ្រោះ ដល់ម៉ោងឃ្លានអាហារថ្ងៃត្រង់ ទើបពួកគាត់ បានគោះទ្វារ ហៅសន្តិសុខ ដែលយាមនៅក្បែរនោះ ឲ្យជួយប្រាប់សមត្ថកិច្ច ជួយអន្តរាគមន៍ ខណ:ពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកងទទួលបាន ករណី នេះភ្លាម កម្លាំងមានសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុក៏បានឃើញ ជាក់ស្តែង នូវការបង្ខាំងមនុស្ស នៅខាងក្នុង រួចក៏បានទំនាក់ទំនង ទៅខាងម្ចាស់ផ្ទះ ឲ្យយកសោរ មកចាក់ ឲ្យជនរងគ្រោះ ចេញមកខាងក្រៅវិញ និងនាំជនរងគ្រោះ និងម្ចាស់ផ្ទះ ទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលស្វាយព្រៃទី១។
បន្ទាប់ពីសមត្ថកិច្ចសាកសួរ រកមូលហេតុ នៃការចាក់សោរបង្ខាំងមនុស្សនេះ ទើបបែកធ្លាយ ការពិត គឺក្រុមហ៊ុនក្ស័យធន មិនដំណើរការ គ្មានលុយបង់ប្រាក់ខែ ថ្លៃផ្ទះជួល ហើយនៅ យប់មិញនេះ ខាងក្រុមហ៊ុន លួចដឹកសម្ភារៈចេញ ចំនួន ៣ ឡានហើយ ទើបម្ចាស់ផ្ទះ មានការបារម្ភ ខ្លាចខាងភាគីក្រុមហ៊ុន មិនទាន់បានទូទាត់ សងប្រាក់រួចរាល់ ទើបគាត់សម្រេច ចិត្ត ចាក់សោរផ្ទះ ជាបណ្តោះអាសន្នសិន ក្រោយពេល សមត្ថកិច្ចសាកសួរ និងដឹងហេតុផល ច្បាស់លាស់ហើយ ទើបអប់រំ និងអនុញ្ញាតឲ្យត្រឡប់ ទៅផ្ទះវិញ រៀងៗខ្លួន៕