រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ១៦ វិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់រ៉ឺម៉កសណ្តោងម៉ូតូគ្រប់ប្រភេទ មិនឱ្យធ្វេីចរាចរណ៍នៅលេីបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណើរ បានពន្យល់ថា ដើម្បីជៀសវាងការបាត់បង់នូវសណ្តាប់ធ្នាប់ សោភ័ណភាព និងរបៀបរៀបរយរសាធារណៈ និង អំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាធារណជនទាំងអស់ ដែលប្រើប្រាស់រ៉ឺម៉កសណ្ដោងម៉ូតូគ្រប់ប្រភេទ ហាមឃាត់ដាច់ខាត មិនឱ្យធ្វើចរាចរណ៍ នៅលើបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចព្រំប្រទល់ខណ្ឌសែនសុខ មុខក្រុមហ៊ុនរថយន្ត MAZDA រហូត ដល់ស្ពានអាកាស ផ្លូវក្រោមដីរង្វង់មូលចោមចៅ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី អាជីវករ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាធារណជនទាំងអស់ ដែលប្រើប្រាស់រ៉ឺម៉កសណ្ដោងម៉ូតូគ្រប់ប្រភេទ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងចាត់ វិធានការឃាត់ទុក ដោយមិនកំណត់ពេលវេលា ព្រមទាំងធ្វើការផាកពិន័យ៕