សង្គម

កម្ពុជា-ចិន ឯកភាពគ្នាជំរុញពាណិជ្ជកម្មឱ្យបានដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ

ក្នុង​ជំនួប​តាម​ប្រព័ន្ធវីដេអូរវាង​នាយករដ្ឋមន្រ្តី​កម្ពុជា និង​នាយករដ្ឋមន្រ្តីចិន កាលពីរសៀលថ្ងៃទីច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា ចិន ​បាន​ឯកភាពគ្នា​ជំរុញពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ឱ្យ​កើន​ដល់​១០ពាន់លានដុល្លារ​នៅ​ក្នុង​១ឆ្នាំ។

ក្រៅពី​ការ​ជំរុញនេះ ភាគីទាំងពីរ​ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខផងដែរ។

ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង ។

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឧត្តម លី ខឺឈាំង បានឯកភាពគ្នាថា ភាគីចិន នឹងបន្តជួយដល់កម្ពុជា ដោយ​ផ្ដល់នូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។

លើសពីនេះទៀត ភាគីចិន នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ សម្រាប់រយៈពេល ៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជា បានត្រឡប់ទៅបន្ត ការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ឯកឧត្តម លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិន នឹង ចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះផងដែរ៕