សង្គម

លោកម៉ុន មាគ៌ា និងលោកជាម ច័ន្ទសោភ័ណ្ឌ ទំនងបើកភ្លើងខៀវ អោយកាសីណូយីហោ(៦៩) លេងល្បែងស៊ីសងជល់មាន់និងអាប៉ោង ផ្គើននិងសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល

ត្បូងឃ្មុំ ៖ ខណះពេលដែលប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានបើកអោយដំណើរការឡើងវិញ ក៏ពិតមែន ប៉ុន្តែសេចក្តីនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ គឺត្រូវអនុវត្តន៌អោយបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។

សូមបញ្ជាក់ថា ការបើកប្រទេសកម្ពុជាឡើងវិញ មិនទាំងបានប៉ុន្មានថ្ងៃផង គេសង្កេតឃើញកាស៊ីណូយីហោ(៦៩)ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងល្បែងស៊ីសង ប្រភេទមាន់ជល់និងអាប៉ោង យ៉ាងគគ្រឹកគ្រេង ដោយទំនងលោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ និងលោកជាម ច័ន្ទសោភ័ណ្ឌ ចៅហ្វាយខេត្តត្បូងឃ្មុំ ជាអ្នកបើកភ្លើងខៀវអោយដំណើរការ ទើបបានជាមិនមានការរំខានពីសំណាស់អស់លោកសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។

កាស៊ីណូយីហោ(៦៩)គឺមានច្បាប់ទំលាប់ត្រឹមត្រូវពីស្ថាប័នជំនាញពាក់ព័ន្ធ គឺសម្រាប់អោយតែជនបរទេសចូលទៅលេងតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាកំហុសខុសឆ្គងនោះ គឺម្ចាស់កាស៊ីណូយីហោ(៦៩)បានបើកដៃអោយពលរដ្ឋកម្ពុជា ចូលទៅលេងផ្តំក្បាលគ្នាពពាក់ពពូន មិនរក្សាគម្លាតតាមការនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលនោះឡើយ។ ដោយទង្វើនេះនិងសកម្មភាពទាំងនេះ បើសិនជាក្រុមអ្នកញៀនល្បែងណាម្នាក់ផ្ទុកជំងឺកូវីដ១៩ នោះមិនឆ្លងរីករាលដាលទៀតហើយឬ បើក្រុមអ្នកញៀនល្បែងទាំងនោះអង្គុយមិនរក្សាគម្លាតគ្នាផងនោះ។

ចំពោះករណីម្ចាស់កាស៊ីណូយីហោ(៦៩) បើកដៃអោយពលរដ្ឋកម្ពុជាផ្តុំក្បាលគ្នា ពពាក់ពពូនចូលទៅលេងល្បែងស៊ីសងខាងលើនេះ សូមឯកឧត្តមនេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីអធិការរកិច្ច ចុះមកបើកការស៊ើបអង្កេតជាបន្ទាន់ផង ចំនុចទីតាំងកាស៊ីណូយីហោ(៦៩) ដែលបានបើកដៃអោយពលរដ្ឋកម្ពុជាផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសងខាងលើ ដោយមិនរក្សាគម្លាតតាមការនែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។​ ពលរដ្ឋ នៅក្នុង​មូលដ្ឋាន​នៃ​ទឹកដី ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ មាន​ការព្រួយបារម្ភ ខ្លាច​កើត​មានករណីជាចោរឆក់ លួច ប្លន់ និង​គ្រឿងញៀន រីក​រាលដាល នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។ សូមបញ្ជាក់ថា អ្នកចាញ់ ឈានទៅដល់ បញ្ចាំ ឡាន ម៉ូតូ ប្លង់ដី និង​ទ្រព្យសម្បត្តិ ផ្សេងៗ និងឈានទៅដល់ការប្រើប្រាស់​អំពើហិង្សា នៅក្នុងគ្រូ​សារ ថែមទៀត​ផង​។

ប្រភពខាងលើបានបន្តទៀតថា សូម្បីតែអ្នកមានលុយនៅស្រុកមេ មត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ទាំងស៊ីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ និងមានសុវត្ថិភាពរលូនដូចដើម ។ទីតាំងកាស៊ីណូខាងលើ ក្រៅនេះសង្វៀនជល់មាន់ ចាក់ភ្នាល់ សប្បាយហូរកញ្ជ្រៀវលាន់ឮ អឺងកងរំពង មានទាំងពលរដ្ឋខ្មែរ-វៀតណាម ក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែង បែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់មួយនេះ ។ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរដល់ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការ នគរ បាលនៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរ បាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេល ធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសង ក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យ សម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិ ភាព ។

គួរបញ្ជាក់ថា កន្លងមក ករណីនេះ ជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នា របៀបដោះសារ ក្នុង ន័យគេចវេះមិនចាត់វិធានការបង្ក្រាប ហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ ក្រុមអ្នកញៀនល្បែង ដែល​ធ្លាប់​ចូល​ទៅ​លេង ក្នុង​កាស៊ីណូយីហោ(៦៩) បានបញ្ជាក់ថា ឈ្មោះឡឹម នឹងឈ្មោះ វ៉ា ជា​ម្ចាស់​សង្វៀនជល់មាន់និងអាប៉ោងខាងលើ បាន​បើក​លេងស្ទើរជារៀងរាល់ថ្ងៃ ដោយមិនញញើតនិងសមត្ថកិច្ចបន្តិចណាទាល់តែសោះឡើយ ដោយទំនងលោកម៉ុន មាគ៌ា និងលោកជាម ច័ន្ទសោភ័ណ្ឌ ជាអ្នកបើកភ្លើងខៀវ ទើបបានជាសង្វៀនជល់មាន់នឹង អាប៉ោងខាងលើនេះ ដំណើរការរលូន គ្មានការរំខានពីសំណាក់អស់លោកសមត្ថកិច្ច ក្រោមបង្គាប់បញ្ជារបស់លោកម៉ុន មាគ៌ា និងលោកជាមច័ន្ទសោភ័ណ្ឌ។ប្រជាពលរដ្ឋ រស់នៅ ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ បានធ្វើការសំណូមពរដល់លោក​ម៉ុន មាគ៌ា និងលោកជាម ច័ន្ទសោភ័ណ្ឌ បើលោកមិនបានទទួលសំណែនឬមិនបានបើកភ្លើងខៀវអោយម្ចាស់កាស៊ីណូយីហា(៦៩)លេងល្បែងជល់មាន់និងអាប៉ោងទេ?លោកគួរតែធ្វើការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងខាងលើនេះអោយមានប្រសិទ្ធតាមបទបញ្ជារបស់ថ្នាក់លើ ។

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299