ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចធ្វើការដោះលែងលោកឧកញ៉ា លី សាយឃាង តែតម្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
លោកឧកញ៉ា លី សាយឃាង ត្រូវបានសមត្តកិច្ចនគរបាលនាំខ្លួនពីខេត្តសៀមរាបមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរលើសំណុំ រឿងពីបទ រំលោភលើទំនុកចិត្ត និងបទបរិហារកេរ្ដិ៍ជាសាធារណៈ ។
បើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៩២«ធ»ចដន ចុះថ្ងៃទី ០៨វិច្ឆិកា ឆ្នាំ២០២១ ចេញដោយលោក សេង លាង អនុប្រធាន នឹងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង អាយុ៥៨ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្ដិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅសង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទា យមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ ដែលបទល្មើសនេះ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។
ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើបសួរ ដើម្បីធ្វើការសាកសួរបំភ្លឺការពិត និង បង្គាប់មកកងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូន សាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ។
សូមជម្រាបថា លោកឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលខ្លួនហើយ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនលោកឧក ញ៉ា មកកាន់រាជធានីភ្នំពេញនារសៀលថ្ងៃទី១០ ខែវិច្ឆិកា។
សំណុំរឿងបានដល់ដៃចៅក្រមស៊ើបសួរ ដោយបានសាកសួរអស់រយៈពេលច្រើនម៉ោង ទើបសម្រេចដោះលែងលោកឧកញ៉ា លី សាយឃាង តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ៕
12
12