សង្គម

ក្រុមឈ្មួញ យកគ្រឿងចក្រទៅជីកកកាយដីភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេង ខណៈមន្ត្រីជំនាញ និងអាជ្ញាធរក្រុងថា ចាំឱ្យមន្ត្រីចុះទៅពិនិត្យមើល

ប៉ៃលិន ៖ គេសង្កេតឃើញដីភ្នំមួយកន្លែង នៅជាប់នឹងផ្លូវក្រាលកៅស៊ូមួយខ្សែឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កំពុងទទួលរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ ដោយយកគ្រឿងចក្រទៅជីកកកាយដឹកលក់យ៉ាងគគ្រឹកគគ្រេងនៅតាមភូមិនានាក្នុងក្រុងប៉ៃលិន ខណៈឈ្មួញលើកឡើងថា ម្ចាស់ដីភ្នំនេះ គេមានប្លង់រឹងត្រឹមត្រូវ រីឯមន្រ្តីជំនាញ និងអាជ្ញាធរក្រុងប៉ៃលិនថា នឹងចាត់ឱ្យមន្រ្តីជំនាញចុះទៅពិនិត្យមើល ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានបង្ហើបថា អស់រយៈពេល ជាច្រើនថ្ងៃមកហើយ គេឃើញឈ្មួញម្នាក់ ឈ្មោះ ប៉ូច តុលា រស់នៅក្នុងក្រុងប៉ៃលិន បានយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅជីកកកាយដីភ្នំក្បែរផ្លូវ ដឹកលក់យ៉ាងអនាធិបតេយ្យ បណ្តាលឱ្យជ្រុះរាយប៉ាយ នៅលើដងផ្លូវ ធ្វើឱ្យហុយកំទេចធូលីប៉ះពាល់ដល់ផ្លូវដង្ហើមអ្នកបើកបរម៉ូតូទៅមក ។ ប្រភពបន្តទៀតថា ភ្នំដែលជាសម្បត្តិរបស់រដ្ឋ មិនគួរណាអាជ្ញាធរក្រុង និងមន្រ្តីជំនាញនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បើកដៃឱ្យឈ្មួញជីកយកទៅលក់នៅតាមភូមិនោះឡើយ ទោះបីជាមានប្លង់រឹង ឬយ៉ាងណាក៏គួរទុកឱ្យដើមឈើដុះលូតលាស់ ដើម្បីទាក់ទាញទឹកភ្លៀងសម្រាប់ស្រោចស្រព្វមកលើផែនដី កុំឱ្យប្រែប្រួលអាកាសធាតុជាដើម ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានថ្លែងថា ខាងលោកមិនទាន់ដឹងរឿងនេះច្បាស់ទេ ប្រហែលជាគេមានប្លង់រឹង ឬយ៉ាងណា ទើបហ៊ានយកគ្រឿងចក្រទៅជីកកកាយដីភ្នំខាងលើ តែខាងលោកនឹងចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល ដើម្បីណែនាំ ។

ចំណែកលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ខាងលោកកំពុងជាប់រវល់ តែពេលទទួលបានដំណឹងខាងលើនេះ នឹងចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល នៅថ្ងៃខាងមុខនេះ ដើម្បីណែនាំឱ្យធ្វើតាមច្បាប់ផងដែរ ៕