សង្គម

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ

អភិបាលខេត្តសៀមរាប អះអាងថា ដើមឆ្នាំ២០២២ខាងមុខ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិ នៃបឹងទន្លេសាប និងមានសកម្មភាពកក់ត្រាចំនួនភ្ញៀវឡើងវិញ។

ក្នុងឱកាសចុះផ្ទាល់ដល់កំពង់ផែចុងឃ្នៀស កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងអំពីផែនការចំពោះមុខ ដែលក្នុងជំហ៊ានដំបូងនេះ គឺចាំបាច់ត្រូវតែមានការជួសជុលបន្ទាន់ផ្លូវចូលតំបន់ចុងឃ្នៀស។

លោកបញ្ជាក់ថា កំពង់ផែចុងឃ្នៀស គឺជាគោលដៅសំរាប់ការអភិវឌ្ឍន៍នាពេលអនាគត ឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយគិតគូរលើការបំពាក់សម្បទាទ្រទ្រង់សេវាកម្មផងដែរ ។

សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង និងទេសចរណ៍ផ្ទៃក្នុង ដែលសៀមរាប-អង្គរ គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ តំបន់ចុងឃ្នៀស ត្រូវតែរៀបចំឱ្យបានល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។

គួរំលឹកដែរថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្ត ចូលគ្រប់គ្រងជាបណ្តោះអាសន្ន កាលពីចុងខែសីហាកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន(ស៊ូជីង)៕