សង្គម

លោក ឃួង ស្រេង ហាមមិនឱ្យបើកខារ៉ាអូខេ និងក្លឹបកម្សាន្ត ទោះបីបៀហ្កាឌិន ត្រូវ​បើក​ឡើងវិញ​ក៏​ដោយ

ក្នុងកិច្ច​ប្រជុំ​តាម​រយៈ​ប្រព័ន្ធវីដេអូ​កាលពីថ្ងៃអង្គារ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឱ្យបើកដំណើរការនោះទេ ពោលគឺឱ្យបើកដំណើរការតែភោជនីយដ្ឋាន និងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូម​បញ្ជាក់ដែរថា កាលពីថ្ងៃម្សិលមិញ (៣ វិច្ឆិកា) ក្រសួងទេសចរណ៍​បានប្រកាស​ពី​ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​អាជីវកម្ម​បៀរហ្គាឌិន​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានសុវត្ថិភាព​ទេសចរណ៍ និង​នីតិប្រតិបត្តិ​ស្តង់ដាអប្បបរមា តាមគន្លងប្រក្រតី​ភាពថ្មី​សម្រាប់​អាជីវកម្ម​បៀរ​ហ្កាឌិន និង​ត្រូវតាមដាន​ត្រួតពិនិត្យ​សកម្មភាពអាជីវកម្ម​ជាប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺកូវីដ១៩៕