អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃនេះ បានបញ្ជាក់ថា ករណីយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប ដែលបានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពេលនេះកំពុងធ្វើការស៊ើបអង្កេត។
បើតាមសេចក្តីរាយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន០១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរបួសស្រាល។ បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួចក៏បានបាញ់ចំនួន០២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលអោយមានរបួសនោះទេ។ ក្រោយពេលកើតហេតុរួចបន្តិចមក កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ករណីនេះ កងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ ក៏សូមអភ័យទោសជាសាធារណៈចំពោះទង្វើរបស់យោធិននៃកងរាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន០២រូប នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ៕