ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះអាចនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។
ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ (ថ្ងៃទី៣-៩ ខែវិច្ឆិកា) កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖
* នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន។
* នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាប៉ាស៊ីហ្វិក។
ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ °C។ រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
* អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ក្នុងនោះបណ្តារាជធានីខេត្តនៅ ភាគខាងក្រោមនឹងបណ្តាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* អាចនឹងមានភ្លៀងធ្លាក់តិចតួច។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °c
* អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ៕