កាលពីថ្ងៃម្សិលមិញ Facebook បានប្រកាសបីការប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការទៅជា «Meta» ។ គោលបំណងនៃការប្ដូរឈ្មោះនេះ ក្រុមហ៊ុនបានបញ្ជាក់ថា គឺចង់ផ្ដោតសំខាន់ទៅលើការបង្កើតចក្រវាឡ «metaverse» ឬ ជាពិភព «និម្មិត»។
ក្រុមហ៊ុននិយាយថា វានឹងកាន់តែប្រសើរឡើងក្នុងការរួមបញ្ចូលនូវអ្វីដែលខ្លួនធ្វើ ព្រោះវានឹងពង្រីកលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅជាវិស័យនានាដូចជា Virtual Reality (VR) ជាដើម។
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានប្រកាសឈ្មោះថ្មីនេះ ស្របដែលលោកបានបង្ហាញពីផែនការបង្កើត “Metaverse” ជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទំនាក់ទំនងក្នុងបរិយាកាសនិម្មិតដែលជារឿយៗគឺប្រើឧបករណ៍ VR។
លោក Mark Zuckerberg និយាយថា នៅពេលនេះក្រុមហ៊ុននឹងផ្ដោតសំខាន់លើការបណ្ដាក់ទុន និងវិនិយោគទៅលើឧបករណ៍ VR ព្រោះវានឹងជួយឱ្យពិភពលោក និងពិភពនិម្មិតកាន់តែខិតជិតគ្នា ហើយអ្វីដែលអស្ចារ្យនោះគឺបច្ចេកវិទ្យានឹងធ្វើឱ្យពិភពលោករបស់មនុស្សនាពេលអនាគតកាន់តែអស្ចារ្យ៕