សង្គម

ក្រសួងសុខាភិបាល​ប្រកាសពីការ​រកឃើញ​អ្នក​មានជំងឺកូវីដ​១៩​ថ្មីម្នាក់ទៀតនៅ​កម្ពុជា

តាម​សេចក្តីជូនព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ចេញ​ផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ​បាន​ឲ្យដឹងថា គេ​បាន​រកឃើញ​វិជ្ជមាន​ករណីវីរុស​កូវីដ​១៩ មួយ​ករណីថ្មីទៀត ដែលធ្វើ​ឲ្យ​ចំនួនអ្នក​មាន​វីរុស​កូវីដ​១៩​នៅ​កម្ពុជាសរុប​កើន​ដល់ ១៣០នាក់។

អ្នកជំងឺកូវីដ​១៩​ដែលទើប​រកឃើញ​ថ្មី​នេះ គឺជា​បុរស​ខ្មែរ​មាន​សញ្ជាតិអាមេរិក អាយុ​៦៦ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់​នៅ​ភូមិ​ដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជា​អ្នកធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២០។

បច្ចុប្បន្ន​អ្នកជំងឺរូបនេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​រួចហើយ៕