ផ្ទេរប្រេងសាំងចូលស៊ីទែន ខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះឆាបឆេះ យ៉ាងសន្ធោសន្ធៅ បំផ្លាញអស់ទ្រព្យសម្បត្តិ ជាច្រើន។ ករណីអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៤ រសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ច នៅទីតាំងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តផ្ទុកប្រេងសាំង មួយគ្រឿង បានមកផ្ទេរប្រេង ចូលស៊ីទែន ក្នុងកន្លែងកើតហេតុ បានបន្តិច ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនី ហើយបានបង្កជាអណ្តាតភ្លើង ឆាបឆេះយ៉ាង សន្ធោសន្ធៅ មួយរំពេច នៅក្នុងឃ្លាំងស្តុកប្រេង នៅផ្នែកខាងក្រោយ រហូតអណ្តាតភ្លើង បានឆាបឆេះ រាលដាលដល់តួផ្ទះធំភ្លាមៗ បង្កការខាតបង់ អស់ទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែនៅមិនទាន់ដឹង ពីទំហំនៃការខូចខាត ជាក់លាក់នៅឡើយទេ។
ផ្ទះដែលរងការបំផ្លាញ ក្រោមអណ្តាតភ្លើងនេះ ជាប្រភេទផ្ទះថ្ម កម្ពស់ ២ ជាន់ មានដាក់លក់ គ្រឿងសំណង់ និងលក់ប្រេងសាំង ផងដែរ ដែលម្ចាស់មានឈ្មោះ ម៉ាន់ ចៃ ជាអាជីវករ។ ភ្លាមៗ កម្លាំងបង្ការពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុក ក៏ដូចជា ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានអន្តរាគមន៍ ពន្លត់ទប់ស្កាត់ ការឆេះឆ្លងរាលដាល ទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តទឹក ពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង៕