អូស្រ្តាលីបានបិទព្រំដែនអន្តរជាតិរបស់ខ្លួន ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ហើយមានតែប្រជាពលរដ្ឋនិងអ្នករស់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលអាចចូលមកប្រទេសនេះបាន ប៉ុន្តែពួកគេក៏ត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍ ជាមុនផងដែរ។ យ៉ាងណាក៏ដោយ ឥឡូវនេះអូស្រ្តាលីកំពុងចង់បើកទ្វារប្រទេសរបស់ខ្លួនឡើងវិញ ដើម្បីនាំមនុស្សមកវិញ និងគេចចេញពីរោគរាតត្បាតជាសកលមួយនេះ ដោយចាប់ផ្ដើមពីការបើកទ្វារនៅទីក្រុង Sydney និងរដ្ឋ New South Wales ចាប់ថ្ងៃទី០១ ខែវិច្ឆិកានេះ។
ផែនការបើកឡើងវិញរបស់រដ្ឋាភិបាលសហព័ន្ធបានបង្ហាញនៅក្នុងខែកក្កដា ដោយពេលនោះពួកគេបានស្នើឱ្យលុបការរឹតត្បឹតលើការត្រឡប់មកវិញរបស់ជនជាតិអូស្រ្តាលីដែលបានចាក់វ៉ាក់សាំង ហើយការបើកដំណើរអន្តរជាតិឡើងវិញជាបណ្តើរៗ ជាមួយប្រទេសដែលមានសុវត្ថិភាព នៅពេលអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញនឹងឈានដល់ ៨០% នៅក្នុងចំណោមមនុស្សពេញវ័យ។ ការផ្លាស់ប្តូរដើម្បីបើកព្រំដែនឡើងវិញនេះ បានកើតឡើងនៅពេលដែលការឆ្លងប្រចាំថ្ងៃនៅរដ្ឋ New South Wales បានថយចុះដល់ ៣៩៩ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការឆ្លងកម្រិតខ្ពស់បំផុតរបស់រដ្ឋគឺ ១,៥៩៩ នៅដើមខែកញ្ញា។
ការពិតទៅផ្នែកជាច្រើនរបស់ប្រទេសអូស្រ្តាលីមិនមានករណីជំងឺ COVID-19 អស់រយៈជាយូរមកហើយ ប៉ុន្តែរហូតដល់រលកទី៣ ចូលមកដល់ ពោលគឺនៅអំឡុងពេលវ៉ារ្យ៉ង់ Delta ចេញមកវាយលុក វាបានធ្វើឱ្យប្រទេសនេះប្រឈមនឹងការរីករាលដាលជាថ្មីចាប់ពីចុងខែមិថុនា ដោយបង្ខំឱ្យមានការបិទទ្វាររយៈពេលមួយខែនៅ Sydney, Melbourne និង Canberra។ យ៉ាងណាចំនួនមេរោគឆ្លងសរុបរបស់ប្រទេសនេះ នៅមានកម្រិតទាបនៅឡើយ ដោយមានករណីសរុបចំនួន ១៣៩,០០០ ករណី និងមានអ្នកស្លាប់ចំនួន ១,៥០៦ នាក់៕