ថៅកែការ៉ាស់សាំងចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៣ ខែតុលា ពាក់ព័ន្ធករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយថែមទាំង គៃបំបាត់វត្ថុតាងទៀត។
ករណីនេះបានកើតឡើងនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និង ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ម្ចាស់ការ៉ាស់សាំងទាំង៣នាក់ត្រូវបានបញ្ជាក់ថា ទី១ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ , ទី២ ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ និងទី៣ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវពិនិត្យឃើញថា មានភាពមិនប្រក្រតី ដោយដេប៉ូ ម៉ាក់មុីមុី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ, ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ។ ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ, ប្រេងម៉ាស៊ូត ខ្វះ ៦,១៥លីត្រ ក្នុង១០០លីត្រ។
ក្រោយរកឃើញភាពមិនប្រក្រតីនេះសមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះ។
តែនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី ឈ្មោះ ហ៊ុង សុខហ៊ាង បានមកចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស (សៀល) ដើម្បីធ្វើការបើកលក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឯឈ្មោះ ថូ សុផាត នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី បានយកកន្ត្រៃមកកាត់ខ្សែលួស(សៀល) ដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់អាជីវកម្មជាធម្មតាវិញដែរ។
ភ្លាមៗនោះក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត នឹងនាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕