សង្គម

ថ្ងៃនេះ អាជ្ញាធរ​បើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយ ដើម្បីរំដោះទឹកចេញ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតនៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់វារីអគ្គិសនី កំចាយ ដោយសន្សឹមៗ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តថា ក្រុមបច្ចេកទេសនៃទំនប់ វារីអគ្គិសនីកំចាយ បានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដោយព្រែកកំពត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕