សង្គម

អ្នកឆ្លង​ជំងឺកូវីដ​១៩​លើពិភពលោក​កើន​ដល់ជាង៨លាននាក់ សម្តេចតេជោ​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​គ្រប់ពេល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់​សម្តេច​ថា មកទល់ពេលនេះ ស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។

សម្តេចបញ្ជាក់ថា ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ 8,242,999 ដែលមានអ្នកស្លាប់រហូតដល់ 445,535 នាក់។ ហើយ​ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់មកពីឥណ្ឌូនេស៊ី និង១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចំការគឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។

ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬចឹលដើម្បីអោយពលរដ្ឋប្រើប្រាស់ការពារកុំអោយមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់៕