សង្គម

មនុស្ស៤នាក់ស្លាប់ និងម្នាក់បានជួយសង្គ្រោះក្នុងករណីលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ

រដ្ឋបាលខេត្តព្រះសីហនុបាន​ឲ្យដឹងថា គិត​ត្រឹមរំលងអាធ្រាត ចូលថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០​២១ ក្រុមជួយសង្រ្គោះ បានរកឃើញ​ជនរងគ្រោះ​ចំនួន៥នាក់ ក្នុងនោះ​៤នាក់បានស្លាប់ នៅ​ក្នុង​ករណីលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

ជនរងគ្រោះទាំង៥នាក់នោះ ១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ ២.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សង្គ្រោះបាន)។ ៣.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ ៤.ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ និង ៥.ឈ្មោះឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។

តាមការបំភ្លឺ របស់ឈ្មោះ ឡេង យុឹង ត្រូវជាឪពុករបស់ឈ្មោះ ឡេង សុខជា បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង០៥នាក់ បានចុះលេងទឹកសមុទ្រនៅ កន្លែងកើតហេតុខាងលើ ក្នុងខណៈពេលនោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងប្អូនទាំង០៤នាក់ដែលកំពុងលេងទឹកជាមួយបាននាំគ្នាទៅជួយ ទើបបណ្តាលឱ្យទឹករលកបោកទាញយកទៅតាមទឹកបាត់អស់ ក្នុងនោះឈ្មោះ ឡេង សុខជា ដែលបានពាក់ពោងរូបក្ងាន ត្រូវបានជួយសង្រ្គោះទាន់ពេល។ ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លាប់ក្រោយពី ស្រង់យកមកលើគោក។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនឱ្យបានឃើញ លុះដល់ម៉ោង១៧ និង៥០នាទី ក្រុមជួយសង្គ្រោះបានរកឃើញសពជនរងគ្រោះឈ្មោះ ឡេង សុជាតា និងនៅម៉ោង២០ និង៤៥នាទី ក្រុមជួយសង្គ្រោះបានរកឃើញសពឈ្មោះ ឡេង ជ្រូក​ ហើយរហូតដល់ម៉ោង០១ និង០០​នាទី រំលងអាធ្រាត ចូលថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០​២១ ក្រុមជួយសង្គ្រោះបានរកឃើញសពឈ្មោះ ឡេង ដាវ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមក ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលចុះលេងទឹកសមុទ្រហើយបានលង់ទឹក ក្នុងនោះបានត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្រ្គោះទាន់ពេលវេលា៕