សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈបណ្តាញសង្គមកាលពីថ្ងៃម្សិលមិញនេះ (៦ តុលា) បានបង្ហាញបំណងចង់ឲ្យមានការធ្វើច្បាប់សម្រាប់ថ្នាក់ដឹកនាំជាតិ គួរតែមានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានសរសេរថា «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។
ចំពោះបំណងមួយនេះ សម្តេចបានបញ្ជាក់ថា បានប្រគល់ការងារជូន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។
«បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបាន បិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិ ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន»៕