ករណីក្រុមទាហានចំនួន៥នាក់ ដែលបានធ្វើសកម្មភាពប្លន់យកលុយពីប្រជាពលរដ្ឋជាអ្នករកស៊ីនាំសត្វជ្រូកទៅកាន់ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈ ស្ថិតនៅចំណុចប្រឡាយ ០៥ (សូន្យប្រាំ) ក្នុងឃុំគោកធ្លក ស្រុកអង្គរបុរីនោះ ឥឡូវនេះ សាលាដំបូងខេត្តតាកែវ បានចេញដីកាធ្វើការកោះហៅ លោក គឹម ហាង ដែលជាមេបញ្ជាការសឹករងស្រុកអង្គរបូរី និងកូនទាហានចំនួន៤នាក់ផ្សេងទៀតទៅសាកសួរនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខ។
លោក គឹម ហាង និងបក្ខពួក ត្រូវបានជនរងគ្រោះប្តឹងពីបទ ហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស, គំរាមថានឹងសម្លាប់, កំហែងយក និងបង្ខាំងមនុស្សដោយខុសច្បាប់។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ នៅចំណុចប្រឡាយ ០៥ (សូន្យប្រាំ) ស្ថិតក្នុងឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានក្រុមទាហានមួយក្រុម ដែលមានគ្នាចំនួន៥នាក់ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចាប់ចងដៃចងជើងពលរដ្ឋម្នាក់ និងបានវាយដំថែមទៀត ដោយក្រុមទាហានទាំងនោះទាមទារប្រាក់ចំនួន២០ម៉ឺនរៀល។
តាមការរៀបរាប់របស់ជនរងគ្រោះថា ខ្លួនជាអ្នកដឹកជ្រូកយកទៅលក់នៅប្រទេសវៀតណាម ដោយគោរពតាមច្បាប់របស់រដ្ឋ តែនៅថ្ងៃកើតហេតុ ខណៈពេលខ្លួនកំពុងយាមជ្រូកត្រៀមដឹកតាមទូកទៅប្រទេសវៀតណាមនោះ ស្រាប់តែមានក្រុមទាហានមួយក្រុមដឹកនាំដោយលោក គឹម ហាន មេបញ្ជាការងយោធាស្រុកអង្គរបុរី និងរថយន្ដ២គ្រឿងប្រដាប់ដោយអាវុធអាកាគ្រប់ដៃបានចូលមកសម្លុត និងចាប់ចងដៃចងជើងខ្លួន រួចវាយតប់តាមអំពើចិត្ត និងយកកាំភ្លើងអាកាភ្ជង់ ហើយគម្រាមថា នឹងបាញ់បំបែកក្បាលចោលបើហ៊ានតដៃ។
ជនរងគ្រោះថា ក្រុមទាហានខាងលើបានសម្លុតគាត់ឲ្យបង់លុយឲ្យពួកវាចំនួន២០ម៉ឺនរៀល តែជនរងគ្រោះមិនឲ្យ ដោយសម្អាងថា ខ្លួនមិនមានខុសអី ទើបក្រុមទាហានទាំងនោះបានធ្វើសកម្មភាពឃោរឃៅបែបនេះតែម្ដង ហើយក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាទាហានបានបើករថយន្ដរត់ចេញទៅបាត់។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីខាងលើនេះ លោក គឹម ហាន ដែលរងការចោទប្រកាន់មិនបានបកស្រាយទេ ដោយនិយាយថា លោកមិនអាចនិយាយរៀបរាប់រឿងនេះតាមទូរស័ព្ទបានឡើយ៕