ប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចំនួនពីរនាក់ និងបក្ខបួកពីរនាក់ទៀតត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ ពាក់ព័ន្ធករណីជំរិតទារប្រាក់ពីពលរដ្ឋដឹកឈើ។
មន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ធំ ចាប់ខ្លួនបានក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋដឹកឈើ «ចំនួន៩សន្លឹក»យកមកធ្វើផ្ទះ។
មន្ត្រីនគរបាលបានថ្លែងថា ក្រុមជនសង្ស័យបានជំរិតទារប្រាក់ ហើយក៏ប្រើអំពើហិង្សា ដោយប៉ូលិសសេដ្ឋកិច្ចក្រសួង បានយកអាវុធខ្លីវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកឈាម និងវាយទាត់ធាក់ទៅលើជនរងគ្រោះផងដែរ។
ស្នងការរងនគរបាលខេត្តកំពង់ធំ ទទួលផ្នែកព្រហ្មទណ្ឌ លោកទិត សំណាង បានថ្លែងថា សមត្ថកិច្ចរបស់លោកបានបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់សាលាដំបូងខេត្តហើយរួចហើយកាលពីថ្ងៃទី១ ខែតុលា បន្ទាប់ពីកម្លាំងរបស់លោកបានបញ្ចប់ការសាកសួរ។
ស្នងការរងរូបនេះបន្តរថា ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២.ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលេខ២០ ផ្លូវ ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យទាំង២ គឺជាប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលជាជនដៃដល់វាយពលរដ្ឋដឹកឈើក្តាធ្វើផ្ទះ ទី៣,ឈ្មោះ លេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកសារព័ត៌មាន រស់នៅភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ និងទី៤,ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាការពារភូមិ រស់នៅភូមិអូរពកសាមគ្គី ឃុំឈើទាល ស្រុកសណ្តាន់ ឈ្មោះ លេង ថេង នឹងឈ្មោះ វ៉ាន់ លាងហេង គឺជាអ្នកនាំផ្លូវប៉ូលិសសេដ្ឋកិច្ចក្រសួងខាងលើដើររកលុយ៕