មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ចំណតរថយន្តក្រោមដី ដែលស្ថិតនៅក្រោមសួនច្បារមុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបញ្ចប់ការសាងសង់ហើយ ដោយចំណតនេះអាចចតរថយន្តបានចំនួន ៣៤០គ្រឿង។
ចំណតរថយន្តក្រោមសួនច្បារមុខក្រសួងសេដ្ឋកិច្ចនេះ ត្រូវគេចាត់ទុកថា ជាចំណតរថយន្តក្រោមដីទី២ ដែលត្រូវស្ថាបនាដោយក្រុមហ៊ុន OCIC ក្រោមកិច្ចគាំទ្ររបស់រដ្ឋបាលរាជធានីភ្នំពេញ។
ចំណតរថយន្តក្រោមដីថ្មីនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សំរាប់សំគាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងពេលផ្សែងពេលមានអគ្គីភ័យ និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។
យ៉ាងណាក៏ដោយ គេរំពឹងថា ចំណតរថយន្តមួយនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង៕