លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវមោទនភាពក្រៃលែង ចំពោះក្រុមនិស្សិត ដែលបានបង្កើតដ្រូនអាចដឹកមនុស្សបាន ដែលអាចចាត់ទុកបានថា នេះជាស្នាដៃដំបូងបំផុតសម្រាប់កម្ពុជា។
ជាមួយគ្នានេះ លោក ហេង សួរ ក៏បង្ហាញនូវមោទនភាពមួយទៀត គឺការចូលរួមប្រកួតប្រជែងស្នាដៃ និងសមត្ថភាព ការបង្កើតរ៉ូបូត របស់និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលរៀបចំដោយស្ថានទូតជប៉ុន គឺតែងដណ្តើមបានពានរង្វាន់ជោគជ័យ។
ត្រង់ចំណុចនេះ លោក បញ្ជាក់ថា “សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាចមានគំនិតផលិតសម្ភារប្រើប្រាស់បានច្រើន កែប្រែពីការប្រើកម្លាំង ទៅជាប្រើឧបករណ៍បែបទំនើបជំនួសវិញ សម្រាប់បម្រើទៅលើផ្នែកសំណង់ កសិកម្ម ជាដើម”។
ទន្ទឹមនេះដែរ លោក ហេង សួរ ក៏បានលើកឡើងពីយុវជនមួយក្រុមទៀត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះយុគន្ធរ ដែលបានសម្រេចជោគជ័យលើការបង្ហោះគម្រូកូនផ្កាយរណបចូលទៅកាន់ស្រទាប់ទី២នៃផែនដី។
លោកថា ការរស់នៅរបស់យើងរាល់ថ្ងៃ ដែលមានលក្ខណៈងាយស្រួលនេះ គឺពឹងផ្អែកទៅអ្នកវិទ្យាសាស្ត្រ ជំនាន់មុនបានធ្វើការសិក្សាស្រាវជ្រាវ បង្កើតបានជាសម្ភារទំនើបៗយ៉ាងច្រើន ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការរស់នៅរបស់យើង៕