សង្គម

ឃាត់ខ្លួនជនជាតិចិន ចំនួន៤នាក់ និងអ្នកនាំផ្លូវម្នាក់ ក្រោយ​ប្រុង​ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ៨យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង​ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ដែល​បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ នៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន​ជនជាតិចិន ចំនួន ៤នាក់ និង​អ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ក៏​បានប្រគល់ឲ្យ​ស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕