តាមរយៈសារសម្លេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាច«ស្គាល់ប្រទេសខ្លួនឯង» និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ៧,៣ លានហិកតា ស្មើ ៤១% នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។ បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននឹងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។
សហគមន៍មូលដ្ឋាន បានទទួលប្រយោជន៍ពីការកម្សាន្តតាមតំបន់ធម្មជាតិ តាមរយៈចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ៕