ខេត្តព្រៃវែង៖ ខណៈមកលេងផ្ទះបងប្អូន ឃើញផ្លូវលំចូលពិបាក ឯកឧត្តម ថាំង ប៊ុនសុង បានបរិច្ចាគថវិកាផ្ទាល់ខ្លួន សហការជាមួយ លោក ច្រឹក ចំរើន អនុភូមិឈ្នះជ័យក្រោម ឃុំរាធរ ស្រុកព្រះស្តេច ផ្តួចផ្តើមចលនាប្រជាពលរដ្ឋក្នុងភូមិឱ្យចូលរួមថវិកា និងកម្លាំង ជួលជុលផ្លូវលំមួយខ្សែ ដែលរងការខូចខាតដោយទឹកហូរច្រោះ បណ្តាលឱ្យបែកភក់ និង ក្រហេងក្រហូង ពិបាកធ្វើដំណើរឆ្លងកាត់ ពិសេស ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
បន្ទាប់ពីការផ្តើមគំនិតនេះ លោក ច្រឹក ចំរើន និង ក្រុមពលរដ្ឋសកម្មមានចិត្តបុណ្យក្នុងភូមិ បានរៃអង្គាសថវិកាបាន សរុបចំនួន ៤៤០,០០០រៀល សម្រាប់ទិញគ្រោះខ្សាច់ភ្នំចំនួន ៤រថយន្ត ដើម្បីចាក់និងឈូសឆាយពង្រាប ផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ។
ក្រោយពីការជួសជុលផ្លូវបានស្អាត ឯកឧត្តម ថាំង ប៊ុនសុង សន្យានឹងកៀរគរសប្បុរសជនជួយទិញអំពូលសូឡាដាក់បំភ្លឺផ្លូវជូនប្រពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា នាព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក រស់ សំអាន មេឃុំរាធរ និងក្រុមការងារមេភូមិ អនុភូមិបានចុះពិនិត្យ និង ឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ហើយ លោក ប៉ុន សុខន ប្រធានយុវជន ស.ស.យ.ក ឃុំ ចូលរួមថវិកា ១ម៉ឺនរៀល និងមានការចូលរួមពីប្រជាពលរដ្ឋសកម្មប្រចាំភូមិ ផងដែរ៕