សង្គម

ផ្លូវអាស៊ានហាយវេទី១ ពីបាត់ដំបង ដល់បន្ទាយមានជ័យ ត្រូវ​ប្រកាស​បើកដំណើរការ​ជាផ្លូវការ

កាលពីថ្ងៃព្រហស្បតិ៍ (២៣ កញ្ញា) ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស​បើកដំណើរការជាផ្លូវការ នូវកំណាត់ផ្លូវអាស៊ានហាយវេទី១ (កំណាត់ផ្លូវជាតិលេខ៥) ដែលជាគំរោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានប្រសើរ និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា សម្រាប់ផ្លូវមួយខ្សែនេះ មានប្រវែងសរុប ៨៤.៧គីឡូម៉ែត្រ ដោយផ្លូវនេះបានបើកការដ្ឋានសាងសង់ និងជួសជុលជាផ្លូវការ ចាប់ពី២៦ ខែមីនា ឆ្នាំ២០១៨ ដោយផ្លូវនេះជាប្រភេទផ្លូវ៤គន្លង ដែលមានទទឹង២៣ម៉ែត្រ សម្រាប់តំបន់ជនបទ និង២៨ម៉ែត្រសម្រាប់តំបន់ទីប្រជុំជន ដោយចំណាយថវិកាក្នុងការសាងសង់សរុប ១៦០,៦លានដុល្លាសហរដ្ឋអាមេរិច ។

លោកបញ្ជាក់ថា ចំពោះខេត្តបាត់ដំបង មានផ្លូវវាងក្រុងបាត់ដំបងមួយខ្សែដែលមានប្រវែងសរុប២៣.៩២គីឡូម៉ែត្រ និងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ប្រវែង ២២.៣៥គីឡូម៉ែត្រ ដែលមានសួនច្បារនៅកណ្ដាល ដោយមានដាំដើមត្របែកព្រៃ និងចំពោះផ្នែកផ្លូវវាងក្រុង មានការដាំដើមក្ងោក នៅត្រឹមព្រំដី ។

លោកថា ចំពោះផ្លូវ ចាប់ពីផ្លូវជាតិ ទៅដល់ព្រំដី គឺមិនអនុញ្ញាតិឲ្យមានការសាងសង់ ឬធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវឡើយ ព្រោះផ្លូវចំណីផ្លូវ ពីផ្លូវថ្នល់រហូតដល់ព្រំដី ដែលមានដាំដើមក្ងោក ព្រោះថា រាជរដ្ឋាភិបាលបានធ្វើការដោះស្រាយ និងទិញពីប្រជាពលរដ្ឋរួចរាល់មកហើយ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវឲ្យកាន់តែធំ និងមានដើមឈើសងខាងផ្លូវ ដូច្នេះបើសិនជាមានករណីណាមួយខុសពីការកំណត់របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត នឹងធ្វើការចាត់វិធានការនានាដែលបានកំណត់ ទៅលើបុគ្គលណាដែលបានរំលោភបំពានផ្លូវចំណី ឬសាងសង់សំណង់ផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវផងដែរ ៕