សង្គម

គម្រោង​កែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ (ជំហានទី ៤) បានបញ្ចប់ហើយ គេរំពឹងថា បញ្ហាជន់លិច នឹង​កាត់បន្ថយពីរយៈពេល១២-២៤ម៉ោង ទៅតិចជាង ២ម៉ោង

កាលពីថ្ងៃទី២៣ កញ្ញា អង្គការ JICA របស់ជប៉ុន បានប្រកាសថា គម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានបញ្ចប់ហើយ។

គម្រោងដែលមានទឹកប្រាក់ចំនួនប្រមាណ ៣៦ លានដុល្លារអាមេរិចនេះ មានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក។ គម្រោងបានបញ្ចប់ទំហំការងារដូចខាងក្រោម៖

១. តំឡើងប្រព័ន្ធលូសរុបប្រវែង ១២.២គីឡូម៉ែត្រ

២. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹកនៅសួនសាធារណៈខាងមុខ CDC

៣. តំឡើងម៉ាស៊ីនមេកានិច(ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ)ចំនួន៦នៅច្រកទ្វាស្ថានីយ៍បូមទឹក

៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២

៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែទាំ។

ក្រោយពីគម្រោងនេះបានបញ្ចប់ វានឹងជួយកាត់បន្ថយបញ្ហាជន់លិចតាមរយៈការបញ្ចេញទឹកភ្លៀងតាមប្រព័ន្ធលូបានលឿនជាងមុននៅក្នុងរដូវវស្សា (ពីរយៈពេល១២-២៤ម៉ោង ទៅតិចជាង ២ម៉ោង)៕