យោងតាមសេចក្តីសម្រេចដែលចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែកញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយគិតចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។
ការសម្រេចផ្អាកនេះ គឺក្រោយក្នុងរយៈពេល ២ថ្ងៃ នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាច្រើនករណីនៅតាមទីវត្តអារម្មណ៍ ដែលធ្វើឲ្យមានការព្រួយបារម្ភនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលមានកម្រិត នៃការឆ្លងរាលដាលឆាប់រហ័ស។
យ៉ាងណាក៏ដោយ បើទោះជារាជរដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែរក្សាការឈប់សម្រាករយៈពេល ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ដដែល៕