អាជ្ញាធរក្រុងកោះរ៉ុងបាននឹងកំពុងបង្កើត រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកំសាន្ត ស្ថិតនៅក្នុងភូមិដើមថ្កូវនិងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែល មានផ្ទៃដី ២១ហិចតា ។
បើតាមលោក ស្រេង សុខ ប្រធានសហគមន៍ អេកូទេសចរណ៍ ព្រែកតាសុខក្រុងកោះរ៉ុងបានឲ្យដឹងថា ការបង្កើតសហគមន៍នេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចេះស្រឡាញ់ ការពារបរិស្ថាន-ថែរក្សា និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍ -រៀបចំសក្តានុពលនៃសហគមន៍ អោយក្លាយជាប្រយោជន៍សម្រាប់ប្រជាសហគមន៍ និងសម្រាប់មូលដ្ឋាន -រៀបចំសហគមន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ បរិស្ថាន ប្រកប ដោយការទាក់ទាញ អភិរក្ស និងស្តារឡើង វិញ នូវធនធានព្រៃលិចទឹក ជាពិសេសព្រៃកោងកាងដែលជាជម្រកជីវៈចម្រុះរបស់មច្ឆជាតិ។
លោកប្រធានសហគមន៍បន្តថា សហគមន៍អេកូទេសចរណ៍ព្រែកតាសុខ មានគោលដៅបង្កើតឱកាសការងារ និងអាជីពពិតប្រាកដល់ប្រជាសហគមន៍ ដើម្បីលើក ស្ទួយ កំរិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍នឹងបើក ដំណើរការនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ ២០២១ ខាងមុខ។
សូមជម្រាបថា ក្រុងកោះរ៉ុង គឺជាក្រុងដែលទើបនឹងបង្កើតថ្មីលើដែនកោះនៃខេត្តព្រះសីហនុ ហើយប្រជាពលរដ្ឋភ្ញៀវទេសចរធ្វើដំណើរទៅលេងក្រុងកោះរ៉ុង ដោយមធ្យោបាយទូក និង អូប័រ ល្បឿនលឿនដែលមានរយៈពេលចាប់ពីជាងកន្លះម៉ោងទៅតាមស្ថានភាព អាកាសធាតុ ។ ហើយក្រុងកោះរ៉ុង មានសក្តានុពលអេកូទេសចរណ៍ធម្មជាតិ ដូចជាឆ្នេរសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងធនធានធម្មជាតិបាតសមុទ្រ ដូចជាផ្កាថ្មជាដើម ទាំងអស់នេះដែលជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅលេងកំសាន្ត៕