សង្គម

ក្រសួងប្រាប់ឲ្យ​ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​២២-២៦ ខែកញ្ញា

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ថា ពីថ្ងៃទី​២២-២៦ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​កាត់​លើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់ នៅក្នុង​ល្បឿន​មធ្យម​ទៅ​បង្គួរ​។ បន្ត​មក​សម្ពាធ​ទាប ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ (ITCZ) ស្ថិត​ខាងកើត​ហ្វីលីពីន អាច​វិ​វត្ត​ខ្លួន​ទៅជា​សម្ពាធ​ទាប​សកម្ម ឬ​វិ​សម្ពាធ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ ដែលស្ថានភាពនេះ ធ្វើ​ឲ្យ​កម្ពុជាមានភ្លៀងធ្លាក់ខ្លាំង​ប្រឈម​នឹង​ជំនន់ទឹកភ្លៀង។​

បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក ចន្លោះពីថ្ងៃទី២២-២៦ ខែកញ្ញា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​។​

សម្រាប់បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅ​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក ភាគ​ឦសាន​ជាប់​ប្រទេស​វៀតណាម ព្រះវិហារ និង​ឧ​ត្ត​រ​មានជ័យ​។​

ដោយ​ឡែក​តំបន់​មាត់សមុទ្រ​ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន​នៃ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​ ចំណែក​នៅលើ​ផ្ទៃសមុទ្រ​នឹង​អាចមាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​មធ្យ​ម​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​សា​ធារ​ជន​សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​