ក្រសួងព្រះបរមរាជវាំង បានប្រកាសថា ក្នុងរយៈពេលថ្មីៗនេះ មានអត្ថបទកាសែតបរទេសមួយចំនួន បានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “prince Heritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គ ដាក់សុំទិញក្លឹបបាល់ទាត់ AS Saint-Etenne របស់ប្រទេសបារាំង ក្នុងតម្លៃ ១០០លានអុឺរ៉ូ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ” prince Heritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំង ព្រះរជ្ជទាយាទ ឡើយ។
ការបំភ្លឺពាក់ព័ន្ធនឹង«រជ្ជទាយាទ» នៃព្រះមហាក្សត្រកម្ពុជា កើតឡើងដោយសារព័ត៌មានបរទេស ចុះផ្សាយអំពី ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។
សារព័ត៌មានទាំងនោះ បានប្រើប្រាស់នូវពាក្យថា «រជ្ជទាយាទ» ដោយសំដៅលើព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ។
កាសែតបារាំងទាំងនោះ បានចុះផ្សាយដូចៗគ្នាថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺជាចៅប្រុសរបស់សម្តេចព្រះនរោត្តម សីហនុ ដែលស្រលាញ់ប្រទេសបារាំង ហើយងប់ងល់នឹងកីឡាបាល់ទាត់ និងកីឡាជាទូទៅ ខណៈ ជាច្រើនឆ្នាំមកហើយ ដែលក្រុមគ្រួសារព្រះអង្គបានធ្វើដំណើរទៅមករវាងទីក្រុងភ្នំពេញ និងទីក្រុងប៉ារីស។ ព្រះអង្គម្ចាស់រ៉ាវីចក្រ ដែលគេដឹងថាជាបុត្រារបស់ព្រះអង្គម្ចាស់ចក្រពង្ស ត្រូវកាសែតបារាំង ដែលចុះផ្សាយទាំងអស់សរសេរថាជា«រជ្ជទាយាទ»។
យោងតាមរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ១៣ថ្មី បញ្ជាក់ថា ការជ្រើសរើសព្រះមហាក្សត្រ ត្រូវធ្វើឡើងក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។ សមាសភាព នៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា
នាយករដ្ឋមន្ត្រី សម្ដេចព្រះសង្ឃរាជគណៈ មហានិកាយ និងគណៈធម្មយុត្តិកនិកាយ
* អនុប្រធាន ទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា
* អនុប្រធាន ទី១ និង អនុប្រធានទី២ រដ្ឋសភា
* ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
បន្ថែមលើនេះបើតាមមាត្រា១៤ កំណត់ថា ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសមាជិក នៃព្រះរាជវង្សានុវង្សខ្មែរដែលមានព្រះជន្មាយុយ៉ាងតិច៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គឌួង ឬព្រះមហាក្សត្រនរោត្តម ឬក៏ព្រះមហាក្សត្រស៉ីសុវត្ថិ៕