ក្រោយពីបានឃើញវីដេអូបង្ហោះនៅលើបណ្តាញសង្គម ស្តីពីករណីក្រុមមន្រ្តីមេព្រៃចាប់សាច់ពពែររបស់ប្រជាពលរដ្ឋ, នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការបញ្ជាឲ្យរដ្ឋមន្ត្រីកសិកម្មធ្វើការស្រាវជ្រាវ ហើយធ្វើការបកស្រាយពីរឿងនេះ។
សម្តេចតេជោបានលើកឡើងថា តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
សម្តេចថា យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់តាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទាន ហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។
យ៉ាងណាក៏ដោយ សម្តេចតេជោបានស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តធ្វើការស្រាវជ្រាវហើយចូលមកបំភ្លឺ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ៕